៤. ឆៀង សេង ទក្ខិណា កើតឆ្នាំ១៩៧០ ទីក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ដោយសារក្រុមគ្រួសាររបស់ ទក្ខិណា មានម្តាយមីងមានប្តីជាជនជាតិជប៉ុន និងជាអ្នកកាសែតផង
ហើយពួកគាត់គឺជាជនភៀសខ្លួនកម្ពុជាដំបូងគេដែលធ្វើដំណើរទៅរស់នៅលើទឹកដីនៃប្រទេសជប៉ុន ដូច្នេះក៏មានអ្នកកាសែតតាមយកព័ត៌មានតាំងពីពួកគាត់រស់នៅក្នុងជំរំ០៧ ហើយតាមសាច់រឿង ក្រុមគ្រួសាររបស់គាត់រហូតដល់ការចុះចតនៅព្រលានយន្តហោះ ណារីតា NARITA AIRPORT។ ឆ្នាំ១៩៨០ ក្រុមគ្រួសាររបស់ ទក្ខិណា បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន។ ពួកគាត់គឺជនភៀសខ្លួន
កម្ពុជាដំបូងបង្អស់គេដែលមករស់នៅលើទឹកដីជប៉ុន។
ជនភៀសខ្លួនកម្ពុជាដែលធ្វើដំណើររួមគ្នានាពេលនោះមានគ្នាសរុបចំនួន ១៥នាក់។ ក្នុងនោះមាន
សមាជិកក្រុមគ្រួសារ ទក្ខិណា ចំនួន៦នាក់ផងដែរ ហើយកំពុងរស់រានមានជីវិតនៅប្រទេសជប៉ុន។
ក្រោយការឈានជើងចូលដល់ទឹកដីនៃប្រទេសជប៉ុន ជនភៀសខ្លួនកម្ពុជាទាំងអស់ត្រូវបានគេផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅមជ្ឍមណ្ឌលជនភៀសខ្លួន YAMATO CENTER រយៈពេល៣ខែដើម្បីឲ្យរៀនភាសាជប៉ុន។ បន្ទាប់ពីនោះមក ក្រុមគ្រួសាររបស់គាត់ក៏បានជ្រើសរើសទៅនៅខេត្តតូតូរី TOTORI ព្រោះមីងៗរបស់គាត់មានឱកាសការងារនៅទីនោះ ដោយធ្វើខាងកាត់ដេរខោអាវ។