៤. ឆៀង សេង ទក្ខិណា កើតឆ្នាំ១៩៧០ ទីក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្នុងឆ្នាំ ១៩៨០ ជនភៀសខ្លួនកម្ពុជាដំបូងគេដែលធ្វើដំណើររួមគ្នាមកកាន់ប្រទេសជប៉ុននាពេលនោះមានចំនួន១៥នាក់ ហើយក្នុងនោះមានសមាជិកក្រុមគ្រួសារ ទក្ខិណា ចំនួន៦នាក់ផងដែរ។
រូបថតនេះ ថតឡើងក្នុងរយៈពេល ៤០ឆ្នាំ ក្រោយការឈានជើងចូលមកនៅទឹកដីប្រទេសជប៉ុន។
ក្នុងអំឡុងពេលផលិតស្នាដៃនៃការងារ “រស់រាន” ជំពូកទីបួននៅប្រទេសជប៉ុន នាដើមឆ្នាំ២០២០។ ពេលនោះ យាយ (អាម៉ា) របស់ ទក្ខិណា គាត់កំពុងស្នាក់នៅមណ្ឌលចាស់ជរា។ យើងត្រូវសុំការអនុញ្ញាតិពីមណ្ឌលដើម្បីបានទីតាំងថតរូបក្រុមគ្រួសារមួយនេះនៅជុំគ្នា។ ខ្ញុំបានឃើញរូបថតដែលពួកគាត់មកដល់ព្រលានយន្តហោះ ណារីតា NARITA AIRPORT។ ពេលនោះហាក់ដូចជាសប្បាយត្រេកអរខ្លាំងណាស់។ ក្នុងអំឡុងពេលថត ខ្ញុំក៏ចាប់ផ្តើមសួរ៖ “តើពួកគាត់មានអារម្មណ៏យ៉ាងណា?”
ស្នាមញញឹមពីធម្មជាតិក៏ផុសឡើងនៅលើផ្ទៃមុខរបស់ពួកគាត់។ ក្រោយមក មានព័ត៌មានផ្សាយថា៖ មានបុគ្គលិកដែលធ្វើការងារនៅមណ្ឌលជនចាស់ជរាបានឆ្លងជំងឺ កូវីដ១៩ ដូច្នេះគ្រប់មណ្ឌលជនចាស់ជរាទាំងអស់ នាពេលនោះត្រូវបិទការចូលសួរសុខទុក្ខពីក្រុមគ្រួសារ។
វាជាឱកាសដ៏ល្អដែលខ្ញុំបានថតរូបថតមួយនេះទុកជាឯកសារ។