បន្ទាប់ពីស្នាក់នៅមជ្ឍមណ្ឌលជនភៀសខ្លួន YAMATO CENTER រយៈពេល៣ខែរួចមក ក្រុមគ្រួសាររបស់គាត់ក៏បានជ្រើសរើសទៅនៅខេត្តតូតូរី TOTORI ព្រោះមីងៗរបស់គាត់មានឱកាសការងារនៅ ទីនោះ ដោយធ្វើខាងកាត់ដេរខោអាវ។
នៅខេត្តតូតូរី TOTORI ទក្ខិណា ចុះឈ្មោះចូលរៀនដំបូងទាំងមានការលំបាក។ ទក្ខិណា មានអាយុ៩ឆ្នាំ ត្រូវចូលរៀនថ្នាក់ដំបូង វាជារឿងយឺតយ៉ាវបន្តិច ព្រោះទំរាំបានចូលរៀន គាត់ត្រូវ ជំនះ ឧបសគ្គ ដូចជា ការមិនយល់ព្រមឲ្យចុះឈ្មោះចូលរៀនពីសាលា និងការមិនពេញចិត្តពីអ្នកស្រុក ព្រោះ ទក្ខិណា និងបងជីដូនមួយ គឺជាកូនរបស់ជនភៀសខ្លួន។ ពេលនោះមានការចុះផ្សាយពីខាងកាសែត និងទូរទស្សន៍ផងដែរអំពីរឿងនេះ។ ទក្ខិណា នៅចាំថាជាញឹកញយគាត់ត្រូវចូលទៅស្តាប់ការតវ៉ានេះនៅសាលាខេត្ត។ ក្រោយមកទើប ទក្ខិណា និងបងប្រុសជីដូនមួយ បានចូលរៀនដូចកុមារដទៃ។
ទក្ខិណា និយាយថា៖ «ជាជនភៀសខ្លួន ពួកយើងបានឆ្លងកាត់សង្គ្រាម និងការលំបាកជាច្រើន មកដល់ទីដីថ្មី ពួកយើងត្រូវការតែសេចក្តីសុខទេ។ ពួកយើងគ្មានបំណងបង្កើតរឿង ឬបញ្ហាអ្វីឡើយ។ ជាជនភៀសខ្លួន ពួកយើងក៏អាចរួមចំណែកជាកំលាំងផ្សេងៗដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ ប្រទេសជប៉ុនផងដែរ។ ដូច្នេះសូមកុំស្អប់ និងរើសអើងពួកយើង។»