៥. ហេង សាយ គីម កើតឆ្នាំ១៩៥៤ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ចាប់តាំងពីប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ មក លិខិតឆ្លងដែនកម្ពុជា
ដែលសេសសល់ពីសម័យ លន់ នល់ លេងមានប្រសិទ្ធិភាពលើឆាកអន្តរជាតិ។
ទាំងនិសិ្សតអាហាររូបករណ៍កម្ពុជាដែលបានធ្វើដំណើរមករៀនសូត្រនៅប្រទេសជប៉ុនមុនសម័យក្រហម ហើយជាប់គាំងនៅទីដោយសារសង្គ្រាម និងជនភៀសខ្លួនកម្ពុជាដែលបានឈានជើងចូលមករស់នៅលើទឹកដីនៃប្រទេសជប៉ុនតាំងពីឆ្នាំ១៩៨០មកនោះ គ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ ឬនៅតែបន្តការប្រើប្រាស់រហូតដល់សព្វថ្ងៃនូវកូនសៀវភៅធ្វើដំណើរដែលមានសុពលភាពសម្រាប់តែប្រទេសជប៉ុន។ ប្រសិនបើយើងនៅតែប្រទេសជប៉ុន នោះអត់មានបញ្ហាអ្វីទេ តែប្រសិនបើចង់ធ្វើដំណើរជាអន្តរជាតិ វានឹងមានការលំបាក ព្រោះកូនសៀវភៅធ្វើដំណើរ RE-ENTRY នេះ សម្រាប់ប្រើការតែចូលក្នុងប្រទេសជប៉ុន រីឯព្រលានយន្តហោះអន្តរជាតិនានា គឺមានការលំបាក ដ្បិតទាំងឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាន គ្រប់យ៉ាងគឺសរសេរជាភាសាជប៉ុនទាំងអស់។
លិខិតឆ្លងដែនអត់ផ្លូវច្បាប់សំរាប់ការធ្វើដំណើរជាអន្តរជាតិ តាមប្រទេសផ្សេងៗ គឺត្រូវសុំទិដ្ឋាការទៅកាន់ប្រទេសផ្សេងៗ និងភ្ជាប់ជាមួយឯកសារបញ្ជាក់ពីសាលាក្រុង។
រហូតមកដល់សព្វថ្ងៃ នៅមានជនភៀសខ្លួនកម្ពុជាជាច្រើននៅតែបន្តប្រើប្រាស់លិខិតឆ្លងដែននេះ។ លើកលែងតែអ្នកដែលសុំចូលសញ្ជាតិជប៉ុន ទើបពួកគាត់អាចកាន់លិខិតឆ្លងដែនជប៉ុនបាន។