៧. រ័ត្ន ណារិន កើតឆ្នាំ១៩៤៧ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
សេនកោសខ្យល់នេះ ណារិន មានវាតាំងពីក្មេងៗ ខ្ទង់អាយុ១២-១៣ឆ្នាំមកម្ល៉េះ។ ណារិន ទុកសេននេះជាប់ខ្លួនជានិច្ច ព្រោះគាត់ជាមនុស្សឧស្សាហ៍កោសខ្យល់ ពេលមិនស្រួលខ្លួន បើអត់បានកោសខ្យល់ អត់បាត់។ មានតាំងពីជំនាន់សង្គមរាស្ត្រនិយម។ គាត់ធ្លាប់មានសេននេះពីរ តែពេលរត់គេចខ្លួនទៅជំរំចំការគ ទាហានខ្មែរក្រហមរកឃើញនៅជាយក្រមា ពួកវាគិតថាជាមាស ទើបគាត់ទុកលាក់នៅទីនេះ។ ពួកវាសួរ៖ «នេះជាអ្វី?» ណារិន ប្រាប់ថា៖ «ជាសេនកោសខ្យល់» ។ ពួកវាមិនជឿ វាថា៖ «ម៉េចក៏ក្រហមម្ល៉េះ?» ។ ណារិន តបវិញថា៖ «បើមិនជឿទេ យកមួយទៅ តែទុកឲ្យគាត់មួយផង ព្រោះគាត់ទុកសំរាប់កោសខ្យល់។» វាក៏យកមួយ ហើយទុកមួយឲ្យ ណារិន។ ដើមឡើយគាត់ទុកសេនកោសខ្យល់នេះក្នុងស្បោងក្រណាត់ រហូតដល់ជំរំខៅអ៊ីដាង ទើបគាត់ដាក់វាក្នុងប្រអប់ប្រេងកូឡា។ សម័យខ្មែរក្រហម បានសេននេះហើយកោសខ្យល់ពេលគាត់មិនស្រួលខ្លួន។ ពេលនោះ គ្មានប្រេងកូឡា ណារិន កោសតែនឹងទឹកទទេប៉ុណ្ណោះ។ នៅប្រទេសជប៉ុន ពេលគាត់ឈឺ ឬមិនស្រួលខ្លួន ណារិន នៅតែកោសខ្យល់ដដែល ទោះបីជាគាត់លេបថ្នាំពេទ្យក៏ដោយ។