៨. កែវ សារុំ កើតឆ្នាំ១៩៤៨ ក្រុងព្រះសីហនុ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ឆ្នាំ១៩៧៩ ពេល សារុំ រត់គេចទៅជំរំជនភៀសខ្លួន ដោយគាត់មានពណ៌សម្បុរស្បែករាងសជ្រះថ្លា ជាងអ្នកដទៃ គាត់ត្រូវបានទទួលការរើសអើង និងប្រកាន់ពូជសាសន៍ គេថា៖ គាត់ជាយួន ឬជាចិន។ សារុំ គិតថា៖ “ទោះបីគាត់ជាកូនកាត់ចិនពិតមែន តែគាត់កើតនៅប្រទេសកម្ពុជា រៀនសូត្រអក្សរខ្មែរ រស់នៅធំឡើងលើទឹកដីខ្មែរ គាត់ក៏មានសញ្ញាតិជាកម្ពុជាដែរ ដើម្បីបង្ហាញអ្នកផងទាំងពួងថាគាត់ជាខ្មែរ គាត់ក៏សំរេចចិត្តសាក់យ័ន្តខ្មែរនៅលើខ្លួន។” សារុំ មិនបានជ្រើសរើសថាចង់សាក់រូបអ្វីនោះទេ តែពេលគាត់ទៅដល់កន្លែងសាក់រូប អ្នកដែលសាក់នោះសំរេចចិត្តសាក់រូបទាំងនេះឲ្យគាត់ រូបព្រះវេស្សន្តរ ដែលជាព្រះមានចិត្តប្រោសប្រណីដាក់ទានដល់គេច្រើន អ្នកដែលសាក់នោះឃើញថា សារុំ មានចិត្តល្អ ចូលចិត្តជួយយកអាសាអ្នកដទៃ ហើយវាក៏ជាយ័ន្តដើម្បីការពារខ្លួនផងដែរ។ ពេលគាត់សាក់រួច ដើម្បីបង្ហាញពីសាក់របស់គាត់ នៅជំរំគាត់តែងតែដោះអាវចំហរខ្លួនខាងលើ ហើយស្លៀកក្រមា។ ក្រមានេះជារបស់ប្រពន្ធគាត់ដែលតែងយកជាប់តាមខ្លួន។