៩. ហ៊ឹម ភាព កើតឆ្នាំ១៩៥៩ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ឆ្នាំ១៩៧៧ ភាព ជួបមិត្តភក្តិដែលរៀនសូត្រជាមួយគ្នាមុនសម័យខ្មែរក្រហម ហើយក៏ជាអ្នកភូមិជិតខាងគ្នាដែរនោះ មិត្តរបស់គាត់ម្នាក់នោះបានស្នើទៅអង្គការដើម្បីសុំរៀបការជាមួយ ភាព។ នេះជាអ្វីដែលមិនអាចប្រកែកបានក្នុងសម័យខ្មែរក្រហម ព្រោះអនាគតប្តីរបស់គាត់ធ្វើការងារខាងវាស់ដីបម្រើឲ្យខ្មែរក្រហម។ យប់មួយ ក្រោមរូបភាពរបស់អង្គការ ពួកគាត់បានរៀបការជាមួយគ្នា ដំណាលគ្នាជាមួយ១៥គូផ្សេងទៀត ដោយគ្រាន់តែបង្ហាញមុខប្តីប្រពន្ធ ហើយគ្មានពិធីប្រពៃណីអ្វីទាំងអស់។
ឆ្នាំ១៩៨៣ ក្រុមគ្រួសាររបស់ ភាព បានធ្វើដំណើរមកដល់ប្រទេសជប៉ុន។ ដូចជនភៀសខ្លួនកម្ពុជាដទៃទៀតដែរ គេផ្តល់ការស្នាក់នៅបីខែដំបូងនៅមជ្ឍមណ្ឌលជនភៀសខ្លួន YAMATO CENTER។ ពួកគាត់មកដល់មជ្ឍមណ្ឌលទាំងយប់ នៅទីនោះគេតម្រូវឲ្យមានការថតរូបជនភៀសខ្លួនដែលចូលមកថ្មីដើម្បីធ្វើជាទុកជាឯកសារ និងធ្វើរបាយការណ៍។