១០. សុខ ភន កើតឆ្នាំ១៩៦៦ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្រោយពី សុខ ភន បានរៀបការជាមួយប្តីរបស់គាត់នៅជំរំខៅអ៊ីដាងរួចមក ពួកគាត់បានផ្លាស់ប្តូរទៅរស់នៅជំរំឈុនបូរីមួយរយៈមុនពួកគាត់ចេញមករស់នៅប្រទេសជប៉ុន។ នៅទីនោះប្តីរបស់គាត់បានរកស៊ីថតចម្លងកាសែតចម្រៀងលក់។ កាសែតដើម ដែលមានបទខ្មែរចាស់ៗ មានលក់នៅទឹកដីនៃប្រទេសថៃ ប្តីរបស់គាត់ត្រូវឆ្លងទៅខាងដីថៃ ដើម្បីទិញកាសែតដើម ហើយគាត់បានយកមកថតចម្លងដើម្បីធ្វើអាជីវកម្មនៅក្នុងជំរំ។ ចម្លងក្នុងមួយកាសែត ថ្លៃ១៥ថៃបាត។ អ្នកដែលចូលចិត្តមកថតចម្លងនោះ ភាគច្រើនជាជនភៀសខ្លួនដែលត្រៀមខ្លួនចាកចេញទៅប្រទេសទីបី ដូចជា៖ អាមេរិក កាណាដា បារំាង អូស្រ្តាលី ជាដើម។ល។
ឆ្នាំ១៩៨៧ ពួកគាត់ទទួលដំណឹងថា ទទួលបានសិទ្ធិមករស់នៅប្រទេសជប៉ុន ធ្វើដំណើរមកតាមផ្លូវ ប្តីគាត់បានប្រឹងស្ពាយកាសែតចម្លងបទចម្រៀងចាស់ៗទាំងនេះមកតាមខ្លួន ចំនួន៣០០កាសែត ព្រោះគាត់គិតថា គាត់អាចបន្តអាជីវកម្មនេះនៅប្រទេសជប៉ុនបានទៀត ប៉ុន្តែវាមិនដូចជាអ្វីដែលគាត់គិតនោះទេ។ ពេលមកដល់ប្រទេសជប៉ុន ដោយការផ្លាស់ប្តូរជាមួយបរិដ្ឋាននៅជុំវិញ អតីតជនភៀសខ្លួនកម្ពុជាមិនស្តាប់បទចម្រៀងចាស់ៗពីប្រទេសកម្ពុជាដូចមុននោះទេ ដូច្នេះគាត់មិនអាចធ្វើអាជីវកម្មនេះបន្តទៅទៀតបានឡើយ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី ប្តីប្រពន្ធគាត់នៅតែរក្សាកាសែតចម្រៀង ៣០០កាសែតទាំងនេះនៅផ្ទះរបស់ពួកគាត់ដដែល មិនបោះវាចោលឡើយ។