១១. រស់ រាសី កើតឆ្នាំ១៩៦០ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
មុនសម័យខ្មែរក្រហម រាសី មានមីងម្នាក់គាត់ជាគ្រូបង្រៀន ហើយគាត់ចូលចិត្តអានសៀវភៅរឿង។ មីងរបស់ រាសី តែងតែប្រើគាត់ទៅជួលសៀវភៅរឿងដើម្បីយកមកអាន។ រាសី តែងតែអានរាល់សៀវភៅរឿងអស់ទាំងនោះមុនយកទៅឲ្យមីងរបស់គាត់ ដូច្នេះគាត់នៅចងចាំរឿងច្រើន។
ក្នុងសម័យខ្មែរក្រហម មានមេកងម្នាក់ ពីដើមគាត់ក៏ជាអ្នករៀនសូត្រម្នាក់ដែរ ពេលដឹងថា រាសី ពូកែខាងនិទានរឿង មេកងម្នាក់នោះតែងតែចូលចិត្តឲ្យ រាសី និទានរឿងឲ្យស្តាប់។ ពេលធ្វើការងារយប់ ខ្មែរក្រហមបានប្រើឲ្យកងចល័តទៅដកសំណាប ប៉ុន្តែមេកងម្នាក់នោះអត់ឲ្យ រាសីទៅធ្វើការងារទេ ព្រោះទុក រាសីនិទានរឿងឲ្យស្តាប់ ជំនួសមកវិញ រាសីទទួលបានបាយក្តាំងមួយដុំបន្ទាប់ពីការនិទានរឿងឲ្យមេកងនោះស្តាប់ពេលយប់។ ពេលថ្ងៃ រាសី ត្រូវធ្វើការងារធម្មតា ហើយ រាសីនិទានរឿងឲ្យមេកងម្នាក់នោះស្តាប់តែពេលយប់ប៉ុណ្ណោះ។ ពេលខ្លះ គេចាត់ឲ្យកងចល័តទៅធ្វើការងារនៅឆ្ងាយ តែមេកងម្នាក់នោះតែងតែដកឲ្យ រាសីនៅធ្វើការងារនៅជិតក្បែរៗសហករណ៍ ដើម្បីបានមកនិទានរឿងឲ្យខ្លួនស្តាប់។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានដកមេកងម្នាក់នោះឲ្យទៅកន្លែងផ្សេង រាសីគិតថា ប្រហែលជាគេយកមេកងម្នាក់នោះយកទៅសម្លាប់។