១១. រស់ រាសី កើតឆ្នាំ១៩៦០ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ឆ្នាំ១៩៨១ រាសីបានរៀបការពេលគាត់ធ្វើការងារជាប៉ូលីសក្រុង ហើយគាត់មានកូនស្រីពីរនាក់។
រត់ទៅជំរំ វាគឺជាការសំរេចចិត្តដ៏លំបាកមួយ ព្រោះគាត់មានកូនស្រីពីរនាក់នៅតូចៗនៅឡើយ។
ឆ្នាំ១៩៨៥ រាសី បានលួចលក់សម្ភារៈមួយចំនួន ដូចជា៖ ម៉ាញ៉េ និងក្រវិលមាសរបស់ប្រពន្ធគាត់ ដើម្បីបានលុយខ្លះឲ្យមេខ្យល់នាំផ្លូវទៅជំរំជនភៀសខ្លួន។ គាត់លួចរត់ទៅតែម្នាក់ឯង ដោយទុកចោលប្រពន្ធ និងកូនស្រីពីរនាក់ដែលនៅតូចនៅឡើយ។ ក្នុងសម្លៀកបំពាក់កញ្ចាស់ រហែកផ្នែកខ្លះ ធ្វើដំណើរតាមរទេះភ្លើងជាមួយមេខ្យល់សំដៅទៅខេត្តបាត់ដំបង បន្ទាប់មកជិះឡានបន្តទៅស្វាយ និងធ្វើដំណើរថ្មើរជើងបន្តរត់គេចពីទាហានខ្មែរក្រហម និងទាហានយួនផង សំដៅទៅជួរភ្នំដងរែក ឆ្លងកាត់ការលំបាកជាច្រើន គាត់ទៅដល់ជំរំ ០៧ បានជួបម្តាយ និងបងប្រុស។ នៅជំរំនេះ គេបើករបបឲ្យតែស្រីៗប៉ុណ្ណោះ វាធ្វើឲ្យមានការលំបាកដល់គ្រួសារគាត់ ព្រោះម្តាយរបស់គាត់មានកូនប្រុសរហូតដល់ទៅបីនាក់។ ដូច្នេះ ប្អូនប្រុសរបស់គាត់បានបន្លំខ្លួនធ្វើស្រីដើម្បីទៅបើករបប អកុសល ពេលខ្លះគេចាប់បាន គេវៃធ្វើបាបប្អូនប្រុសរបស់គាត់។
រាសី ជាមនុស្សចូលចិត្តអានសៀវភៅ ពេលគាត់រត់ពីទីក្រុងភ្នំពេញ ទៅជំរំជនភៀសខ្លួននោះ រាសី យកសៀវភៅបីក្បាលតាមខ្លួន។ សៀវភៅទាំងនោះមានដូចជា៖ អរិយធម៌ខ្មែរ ល្បែងប្រពៃណីខ្មែរ និងក្បួនតែងកំណាព្យខ្មែរ។ មូលហេតុដែលគាត់យកសៀវភៅអស់ទាំងនេះដាក់ជាប់តាមខ្លួន ព្រោះគាត់គិតថា គាត់អាចអានសៀវភៅបានតាមផ្លូវ ពេលគាត់អផ្សុក។