១១. រស់ រាសី កើតឆ្នាំ១៩៦០ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ឆ្នាំ១៩៨៩ ពេល រាសីរស់នៅក្នុងជំរំជនភៀសខ្លួន ជំរំសាយធូ SITE II រាសី បានចងក្រងសៀវភៅកម្រងអនុស្សាវរីយ៍នេះឡើង វាមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់គាត់។ រស់នៅជំរំជនភៀសខ្លួន ជាកន្លែងដែលកម្សត់កម្រ ពេលយប់មានគ្រាប់ផ្លោងចូលមកក្នុងជំរំ ប្រជាជននាំគ្នារត់ពួនក្នុងត្រង់សេ នៅទីនោះមានអនុស្សាវរីយ៍ច្រើនជាមួយមិត្តភក្តិ។
រាសី ប្រាប់ថា៖ “គាត់ធ្វើសៀវភៅនេះឡើង ព្រោះពួកយើងរស់នៅបែកស្រុកកំណើត មានអារម្មណ៍និងមនោសញ្ចេតនាជ្រាលជ្រៅ ក្នុងគោលបំណងឲ្យមិត្តភក្តិដែលរស់នៅក្នុងជំរំជាមួយគ្នាបញ្ចេញអារម្មណ៍របស់ខ្លួន រៀងៗខ្លួន មានបិទរូបថតម្នាក់ៗដើម្បីឲ្យនៅចងចាំគ្នាទៅវិញទៅមក មិត្តភក្តិទាំងអស់បែកគ្នាទៅរស់នៅប្រទេសផ្សេងៗ ពេលខ្លះ ពេលនឹកដល់មិត្តភក្តិ គាត់យកសៀវភៅនេះមកអានឡើងវិញ នឹកឃើញអនុស្សាវរីយ៍ចាស់ៗ។”
រាសី មានឱកាសជួបមិត្តភក្តិចាស់ៗ ពេលគាត់ធ្វើដំណើរទៅប្រទេសផ្សេងៗ លើពិភពលោក។