១១. រស់ រាសី កើតឆ្នាំ១៩៦០ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ឆ្នាំ១៩៩0 រាសីធ្វើដំណើរទៅដល់ប្រទេសជប៉ុន គាត់បានដាក់ឈ្មោះមកតាមរយៈខ្មែរកម្ពុជាក្រោម ដូច្នេះគាត់ត្រូវបានផ្តល់ការស្នាក់នៅនៅមជ្ឍមណ្ឌលជនភៀសខ្លួន SENAGAWA CENTER នៅ ទីក្រុងតូក្យូ។ បន្ទាប់ពីរស់នៅក្នុងមជ្ឍមណ្ឌលជនភៀសខ្លួនរយៈពេល៦ខែ គាត់បានផ្លាស់ប្តូរមករស់នៅខាងខេត្តកាណាហ្គាវ៉ា ព្រោះមានលក្ខណៈស្រដៀងប្រទេសកម្ពុជា មានវាលស្រែ មានភ្នំ ហើយកន្លែងការងាររបស់គាត់នៅតំបន់នេះ។
បន្ទាប់ពីគាត់បានរស់នៅស្រួលបួលនៅប្រទេសជប៉ុនហើយ គាត់បានសរសេរសំបុត្រផ្តល់ដំណឹងឲ្យប្រពន្ធរបស់គាត់។ ប្រពន្ធរបស់គាត់បានសរសេរសំបុត្រឆ្លើយតបមកវិញ ដោយក្តីនឹករលឹកជាខ្លាំង ហើយមានភ្ជាប់រូបថតកូនស្រីទាំងពីរមកជាមួយផងដែរ។
ឆ្នាំ១៩៩៦ រាសីបានធានា ប្រពន្ធ និងកូនៗរបស់គាត់ឲ្យមករស់នៅប្រទេសជប៉ុនជាមួយគ្នា។