១២. សុខ ឃឿន កើតឆ្នាំ១៩៧១ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ពេលរត់ចេញពីប្រទេសកម្ពុជា មកជំរំជនភៀសខ្លួន ក្រុមគ្រួសាររបស់គាត់បានបែងចែកគ្នាកាន់ ប្រាក់ស្នូក ខ្លះនៅជាមួយឪពុកគាត់ ខ្លះនៅជាមួយម្តាយគាត់ ខ្លះនៅជាមួយបងប្រុសគាត់ លាក់ទុកក្នុងទៃអង្ករ។ ប្រាក់ស្នូកនេះ ជាកេររបស់ក្រុមគ្រួសារគាត់ដែលយកមកពីខេត្តតាកែវ។ ឪពុកម្តាយគាត់ដឹងច្បាស់ថា ប្រាក់ស្នូកនេះអាចដោះដូរជាមួយរបស់របរអ្វីផ្សេងៗពេលត្រូវការចាំបាច់ និងដោះដូរចំណីអាហារផងដែរ។ ពេលពួកគាត់ធ្វើដំណើរ ដើរកាត់ព្រៃពេលយប់ដើម្បីទៅជំរំនោះ ជាក្មេង សុខ ឃឿន មានអារម្មណ៍ថាហត់ អស់កំលាំងខ្លាំងណាស់ ហើយងងុយដេកទៀត ឃើញដូច្នេះម្តាយរបស់គាត់ព្យាយាមរកវិធីបញ្ជោតកូនតូចៗឲ្យប្រឹងដើរ។
ម្តាយរបស់គាត់ប្រាប់ថា៖ “កូនខំដើរទៅ ពេលទៅដល់ជំរំ ម៉ែនឹងឲ្យកូនញ៉ាំនំបុ័ងជាមួយស្ករស។” ឮដូច្នេះ ពួកគាត់ក៏ប្រឹងដើរ។ ពេលមកដល់ជំរំគោកធ្យូង ម្តាយរបស់គាត់បានយកប្រាក់ស្នូកខ្លះទៅដោះដូរនំប៉័ងឲ្យកូនតូចៗញ៉ាំមែន។ ប្រាក់ស្នូកនេះ ម្តាយរបស់គាត់ប្រគល់ឲ្យគាត់រក្សាទុក មុនពេលម្តាយរបស់គាត់ត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញ ឆ្នាំ១៩៩៧។