១២. សុខ ឃឿន កើតឆ្នាំ១៩៧១ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
នៅក្នុងជំរំខៅអ៊ីដាង ពួកគាត់ទទួលបានតង់ដើម្បីសង់ខ្ទម ទទួលបានស្បៀង តែឪពុករបស់គាត់ ចង់រកចំណូលបានបន្តិចបន្តួចបន្ថែមទៀត ឪពុករបស់ សុខ ឃឿន យកថ្មភ្នំនៅជំរំខៅអ៊ីដាង មកធ្វើត្បាល់បុកគ្រឿងដើម្បីលក់ខ្លះឲ្យជនភៀសខ្លួនដទៃទៀត ខ្លះចែកឲ្យបងប្អូនរបស់គាត់ និងទុកខ្លះសំរាប់ប្រើខ្លួនឯងផងដែរ។ ត្បាល់បុកគ្រឿងនេះធ្វើដោយដៃ ដូច្នេះគាត់ធ្វើមិនបានច្រើននោះទេ។ ពេលពួកគាត់ទទួលបានសិទ្ធិមករស់នៅប្រទេសជប៉ុន ពួកគាត់ក៏បានយកត្បាល់បុកគ្រឿងនេះមកជាមួយដែរ។ ដោយការផ្លាស់ទីពី យូកូហាម៉ា YOKOHAMA មករស់នៅខាង កាវ៉ាសាគី KAWASAKI ក៏បាត់អង្រែ។ ថ្ងៃមួយ ប្អូនថ្លៃរបស់គាត់បានទៅអាំងសាច់នៅឯតាមដងស្ទឹងអៃកាវ៉ា AIKAWA RIVER ប្អូនថ្លៃគាត់យកថ្មស្ទឹងមួយដុំមកឲ្យគាត់ដើម្បីប្រើជំនួសអង្រែដែលបាត់។
ម្តាយរបស់ សុខ ឃឿន ប្រើប្រាស់ត្បាល់បុកគ្រឿងពេលធ្វើម្ហូបអាហារខ្មែរ ព្រោះគាត់គិតថា៖ ប្រើត្បាល់ដើម្បីបុកគ្រឿង ទើបមានភាពកក់ក្តៅ ហើយបង្ហាញពីសេចក្តីស្រឡាញ់ពីបេះដូង ត្រូវបុកដោយដៃភ្លាមៗពេលធ្វើម្ហូបអាហារជូនឪពុករបស់គាត់ ខុសពីប្រើម៉ាស៊ីនដើម្បកិន ហើយវាក៏មានរសជាតិខុសគ្នាដែរ។ ម្តាយរបស់គាត់បានប្រគល់ឲ្យគាត់ក្នុងឆ្នាំ១៩៩៦ មុនឪពុកម្តាយគាត់វិលត្រលប់ទៅរស់នៅប្រទេសកម្ពុជាវិញ។