១២. សុខ ឃឿន កើតឆ្នាំ១៩៧១ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្រវិលទំហ៊ូមាសនេះ ជាកេររបស់ម្តាយគាត់ ពេលម្តាយរបស់គាត់នៅរស់ គាត់តែងតែពាក់ក្រវិលមួយគូនេះជាប់ត្រចៀកជានិច្ច។ ពេលម្តាយគាត់ពាក់ក្រវិលនេះ ជនជាតិជប៉ុនគិតថា ម្តាយរបស់គាត់ គឺជាជនជាតិភាគតិច។ ទំនៀមទំលាប់ខ្មែរ គឺចោះក្រវិលឲ្យកូនស្រីតាំងពីនៅតូច ហើយឪពុកម្តាយខ្មែរក៏តែងតែពាក់ក្រវិលឲ្យកូនស្រីតាំងពីនៅតូចផងដែរ។ ម្តាយរបស់គាត់ឲ្យគាត់ពាក់ក្រវិលពេលគាត់នៅតូច វាមានបញ្ហាពេលគាត់ពាក់ក្រវិលទៅសាលានៅប្រទេសជប៉ុន ព្រោះវិន័យសាលាគេមិនអនុញ្ញាតិឲ្យកូនសិស្សស្រីតូចៗពាក់ក្រវិលមករៀននោះទេ។
ពេលម្តាយរបស់គាត់ស្លាប់ កូនៗក៏សំរេចចិត្តកាត់ក្រវិលនេះជាបំណែកដើម្បីចែកគ្នា បំណែកខ្លះនៅប្រទេសជប៉ុន និងបំណែកខ្លះទៀតនៅជាមួយបងប្អូនរបស់គាត់ដែលរស់នៅឯប្រទេសកាណាដា។ មូលហេតុដែលពួកគាត់សំរេចចិត្តកាត់ក្រវិលនេះជាបំណែកចែកគ្នា មិនមែនតម្លៃនៃសាច់មាសទេ តែពួកគាត់ចង់បានបំណែកអស់ទាំងនេះទុករៀងៗខ្លួន ព្រោះពួកគាត់គិតថា វាជាគ្រឿងការពារខ្លួន ពួកគាត់មានអារម្មណ៍ថាម្តាយរបស់ពួកគាត់នៅក្បែរពួកគាត់ជានិច្ច និងទទួលបានភាពកក់ក្តៅ។ តម្លៃពីខាងក្នុង ព្រោះពួកគាត់គិតថា វាធ្លាប់នៅជាប់នឹងខ្លួនម្តាយរបស់ពួកគាត់។