១៣. សំ សុន កើតឆ្នាំ១៩៥៦ ខេត្តកំពត បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
គ្រួសាររបស់ សំ សុន ជាអ្នកតម្បាញ ហូល ផាមួង កន្សែង និងមុង នៅក្បែរវត្តក្រាំងគួយ ខេត្តកំពត។ ពីដើម គេមិនជាលក់ប៉ុន្មានទេ ព្រោះមានអ្នកចេះត្បាញច្រើន គេត្បាញតាមផ្ទះប្រើប្រាស់ផ្ទាល់ខ្លួន និងពេលខ្លះឲ្យអ្នកភូមិផងរបងជាមួយគ្នាខ្ចីប្រើពេលមានពិធីរៀបចំមង្គលការ។ សំ សុន គាត់ក៏ចេះត្បាញដែរ។
ពីដើម គេត្រូវទៅចាប់មេអំបៅតាមព្រៃក្នុងភូមិ ដាក់វាលើក្រណាត់សដើម្បីឲ្យមេអំពៅទាំងនោះមានពងចេញជាដង្កូវ ចេញជានាង បន្ទាប់មកទើបគេយកស្លឹកមនមកហាន់ឲ្យកូននាងនោះស៊ី គេត្រូវហាន់ស្លឹកមននៅលើផាលដំរី។ ពេលដង្កូវរាងធំបន្តិច គេត្រូវយកដង្កូវទៅដាក់លើដើមសង្កែងាប់ ដើម្បីឲ្យកូនដង្កូវទាំងនោះតោង កើតជាសំបុក ទើបគេយកវាទៅស្ងោរ ហើយពេលស្ងោរនោះ គេត្រូវយកឈើមកវៃឲ្យចេញជាអំបោះ ហើយបង្វិលអំបោះនោះចូលក្នុងកង បានជាអំបោះសូត្រដើម។ ក្រោយមកគេយកអំបោះនោះទៅហាល កេះអាចម៍សូត្រចេញ ចុងក្រោយស្ងោរជ្រលក់ពណ៌សូត្រ។ សំពត់ហូលនេះ ត្បាញដោយម្តាយរបស់គាត់នៅខេត្តកំពត និងអាវប៉ាក់នេះ សំ សុន កាត់ផ្ទាល់ដៃដោយខ្លួនឯងពេលគាត់មកដល់ប្រទេសជប៉ុនដំបូង។